នារសៀលថ្ងៃទី១៧
ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Chen Yan
ប្រធានក្រុមហ៊ុន Royal Vopak ប្រចាំប្រទេសចិន និងអាស៊ីខាងកើត (Koninklijke
Vopak N.V.) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ
និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦
នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនៃកិច្ចជំនួប,
លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតី
អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបញ្ជាក់ថា ក្រុមហ៊ុន Royal
Vopak (Koninklijke Vopak N.V.)
មានជំនាញខ្ពស់ក្នុងការផ្ដល់ដំណោះស្រាយលើហេដ្ឋារចនាសម្ព័ន្ធ
និងការផ្ទុកផលិតផលប្រេង, ឧស្ម័ន, គីមីឥន្ធនៈ (Petrochemical)
រួមទាំងឧស្ម័នធម្មជាតិរាវ (LNG) និងឧស្ម័នឥន្ធនៈរាវ (LPG) ជាដើម។
ជាមួយគ្នានេះ, ក្រុមហ៊ុនផ្ដោតសំខាន់លើវិស័យស្នូលមួយចំនួន រួមមាន៖
ស្ថានីយស្តុកថាមពលថ្មី និងប្រកបដោយចីរភាព, ស្ថានីយស្តុកឧស្ម័ន,
ស្ថានីយស្តុកគីមីឥន្ធនៈសម្រាប់បម្រើដល់វិស័យឧស្សាហកម្ម,
ស្ថានីយស្តុកសារធាតុគីមី និងស្ថានីយស្តុកប្រេង។
លោកប្រធានក្រុមហ៊ុនបានបន្ថែមថា បច្ចុប្បន្ន
ក្រុមហ៊ុនកំពុងសហការជាមួយក្រុមហ៊ុនដៃគូក្នុងប្រទេសកម្ពុជា
ដើម្បីស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG
Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា។
ជាការឆ្លើយតប,
សម្ដេចធិបតីបានសម្ដែងការស្វាគមន៍ចំពោះបំណងវិនិយោគ
ក៏ដូចជាកិច្ចសហការរវាងក្រុមហ៊ុន Royal Vopak និងក្រុមហ៊ុនដៃគូនៅកម្ពុជា។
សម្ដេចធិបតីបានគូសបញ្ជាក់ថា
ផែនការស្វែងរកឱកាសវិនិយោគលើស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ
និងស្ថានីយចម្រាញ់ប្រេង គឺស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា
ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះ
សំដៅធានាឱ្យបាននូវសន្តិសុខថាមពលនៅប្រទេសកម្ពុជានាពេលអនាគត។
ជាទីបញ្ចប់,
សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា
និងបន្តពិភាក្សាលម្អិតបន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ
ជាពិសេសក្រសួងរ៉ែ និងថាមពល
ដើម្បីជំរុញផែនការវិនិយោគនៅកម្ពុជាឱ្យលេចចេញជាផ្លែផ្កា៕

